Sunday, February 18, 2018

មនសិការរបស់ខ្ញុំ (ខឹម វាសនា)

 មនសិការរបស់ខ្ញុំ

ដកស្រងចេញពីអត្ថបទ នៅថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៨ ក្នុងគណនេយ្យហ្វេសប៊ុកផ្ទាល់របស់ លោក ខឹម វាសនា


ក្នុងដំណើរជីវិតរបស់ខ្ញុំ​ទាំងស្រុង​ ខ្ញុំមិនដែលបានគិតថាអ្នកដទៃនឹងយល់ថាខ្ញុំជាមនុស្សយ៉ាងណា​ ទង្វើរបស់ខ្ញុំយ៉ាងណា​សំដីរបស់ខ្ញុំយ៉ាងណា​រាល់អ្វីដែលខ្ញុំសំរេចធ្វើ គឺខ្ញុំផ្អែកទៅលើតែមនសិការរបស់ខ្ញុំ។ បើសំរេចរឿងប្រយោជន៍ផ្ទាល់ខ្លួនដូចជាការរកសីុជាដើម​ មនសិការខ្ញុំគិតដល់សីលធម៌​ គិតយ៉ាងណាអោយដោះរួចទោសមនសិការ។ តែដោះរួចទោសមនសិការហើយ​ រឿងអីក៏ខ្ញុំមិនខ្លាចនឹងធ្វីដែរ​។ បើសម្រេចរឿងកិច្ចការសប្បុរសដែលខ្ញុំកើតមកលើផែនដី​ ខ្ញុំមានកាតព្វកិច្ចទូលរែកលីសែងនូវអំរែកដែលមនសិការខ្ញុំប្រាប់ថា​ មនុស្សដូចខ្ញុំមានការទទួលខុសត្រូវរឿងទាំងអស់ហ្នឹង ពេលនោះខួរក្បាលចាប់ផ្តើមគិតពីតំលៃនៃការងាររបស់ខ្ញុំ។ តើមនុស្សប្រភេទនេះគួរជួយទេ​ តើជួយរបៀបហ្នឹងត្រឹមត្រូវឬទេ​ ហើយអោយតែមនសិការរបស់ខ្ញុំប្រាប់នោះជាការសំរេចដែលត្រឹមត្រូវហើយ​ ខ្ញុំមិនដែលគិតថាអ្នកដទៃក្នុងចំនួនណាក៏ដោយគេយល់ឃើញយ៉ាងណា​ គេសើចចំអកយ៉ាងណា​ គេវាយប្រហារយ៉ាងណា​ គេយល់អី​ គេធ្វើអីក៏ធ្វើទៅ​ រឿងទាំងនោះមិនមានសម្ពាធបង្វែរឬបញ្ឈប់ការសំរេចចិត្តរបស់ខ្ញុំបានទេ។ ខ្ញុំច្បាស់ក្នុងចិត្តខ្លាំងណាស់ថា​ ឈាមនេះហើយជាឈាមអ្នកបដិវត្តន៍នោះ។ ខ្ញុំសប្បាយ​ ខ្ញុំពេញចិត្តនឹងចរិតខុសគេរបស់ខ្ញុំណាស់​ ហើយខ្ញុំដឹងជាមុនទៀតថា​ ដោយសារចរិតឈរតែនៅលើភាពត្រឹមត្រូវជាគោលមិនងាករេនេះហើយ​ ដែលនឹងធ្វើអោយដំណើរជីវិតនិងការងារដែលខ្ញុំដឹកនាំរឹងមាំគ្មានអ្នកណាអាចបំផ្លាញបាន​ ព្រោះវាជាការឈរលើការពិត​ ការនិយាយការពិត​ ដែលតំលៃនៃការពិត​ មិនដែលចេះសាបសូន្យឬចុះតំលៃឡើយ​ វាជាដំណើរនៃការមិនប្រមាទ​ ដែលជាធម៌មិននាំដល់ក្តីវិនាសអន្តរាយទេ។ បុគ្គលទាំងឡាយណាដែលមកតាំងខ្លួនជាសត្រូវប្រឆាំងតតាំងនឹងសេចក្តីពិតនេះ​ សុទ្ធតែនាំភាពថោកទាប​ នាំមកនូវភាពរលាយហិនហោចដល់ខ្លួនពួកគេឬក្រុមពួកគេទាំងអស់។ គ្មានអ្នកអាចបំផ្លាញខ្ញុំបានក្រៅពីខ្លួនខ្ញុំឡើយ​ ចុះបើខ្ញុំមិនបានបំផ្លាញខ្លួនខ្ញុំផង​ តើមានអ្វីមកបំផ្លាញខ្ញុំបាន។ ធម៌មិនប្រមាទមួយនេះខ្ញុំសន្សំវាយូរណាស់មកហើយ​ តាំងពីខ្ញុំដឹងខ្លួនខ្ញុំថាខ្ញុំជាអ្នកណានៅលើលោកមកម្លេះ​ រឿងអីវាមិនគ្រប់កំឡាំងធម៌អោយផលនោះ? វាជាក្រិត្យក្រមសត្យានុម័ត​ អ្នកសន្សំធម៌ណា​ ក្នុងរយៈពេលមួយណាគ្រប់គ្រាន់ធម៌នោះច្បាស់ជាអោយផលដោយជៀសមិនរួចឡើយ។ មកដល់ពេលនេះ​ ខ្ញុំទទួលដឹងច្បាស់​ ធ​ម៌មិនប្រមាទ​ ធម៌ឈរតែលើការពិត​ មិនជំពាក់ជំពិននឹងលោកធម៌ដែលខ្ញុំបានសន្សំយ៉ាងយូរមកហើយដោយធម្មជាតិជាខ្ញុំនោះ​ បានគ្រប់កំឡាំងធម៌ហើយកំពុងអោយផលហើយ។ម្យ៉ាងទៀតនេះជាពេលវេលាដែលខ្ញុំត្រូវទៅហួសពីព្រំដែនពូជសាសន៍ហើយខ្ញុំមិនមែនជាធនធាននៃប្រទេសមួយទេ​ តែខ្ញុំច្បាស់ណាស់ខ្ញុំជាធនធាននៃភពផែនដី។ ខ្ញុំទទួលដឹងថាជាជីវិតដែលរួចផុតទោសមនសិការហើយខ្ញុំក៏ទទួលបានអារម្មណ៍ដ៏អស្ចារ្យមួយគឺឥស្សរភាពជីវិត៕


No comments:

Post a Comment

ទស្សនៈខុសមួយរបស់លោកគ្រូ គូ សុភាព​ បានលិចឡើង

ទស្សនៈខុសមួយរបស់ព្រះអង្គគ្រូ គូ សុភាព បានលិចឡើង ដោយ៖  The Funan School ​ Facebook: LDP's Parents បន្ទាប់ ពីមានការចេញផ្សាយតាមបណ្ដាញស...